jeudi 19 février 2009

ទំនួញមេបា

១.កូនមាសពន្លក.....មេបាប្រឹងរក.........ទុក្ខសោកវេទនា
ទោះបីភ្លៀងខ្យល់..វិលវល់ខ្លាំងខ្លា........ដើម្បីគ្រួសារ
...................ភោក្ដារាល់ថ្ងៃ។
២.រហូតកូនធំ.........ពុកម៉ែខិតខំ.................អបរុំពិសី
ជួនកូនព្រងើយ........កន្តើយធ្វើហី..........ធ្វើតាមចិត្តថ្លៃ
...................ឥតក្ដីមេត្តា។
៣.ពុកម៉ែទូន្មាន......ប្រដៅកល្យាណ.......ឱយរៀនវិជ្ជា តែមាសព្រលឹង........ខឹងហ្នឹងមេបា...........លះបង់សាលា
..................អត្តាល្ង់ខ្លៅ។
៤.កូនអវិជ្ជា.........ដល់ឱយធ្វើការ............ភក្ត្រាក្រញ៉ូវ គឹតថាលំបាក.........គេចគ្រាកខុសផ្លូវ.........នាំភាពអាស្រូវ
...................ដល់ឪពុកម៉ែ។
៥.កូនដើរសប្បាយ....ឥតគិតអ្នកម្ដាយ....នឿយនាយឥតល្ហែ ប្រឹងប្រែងសន្សំ......ឧបត្ថមមាសមេ.........ទោះកូនឡប់ឡែ
..................ពុកម៉ែទទួល។
៦.ដល់មេបាឈឺ......ពឹងកូនឱយធ្វើ..............ដូចដើរឡើងទួល ជួនកូនបោះបោក...គំហោកឆាបឆួល......ប្រៀបដូចជាឈ្នួល
..................អ្នកជួលថៅកែ។
៧.មេជីតែមួយ.......ចិញ្ចឹមលើកស្ទួយ........ផ្ទុកជួយទាល់តែ មានគូស្រករ.........កូនក៏បែកបែរ................ចេញពីពុកម៉ែ
.................អ្នកមេគិតថ្លៃ។
៨.មេបាប្រសព្វ......ចិញ្ចឹមកូនដប់...........ជួបគ្រប់ទុក្ខភ័យ កូនធំរស់រាន........មានប្រពន្ធប្ដី..............បែកនៅទីទៃ
................ជួយស្អីម៉ែបាន?។
៩.កូនសម្លាញ់អឺយ..កុំនៅព្រងើយ...........កន្តើយកល្យាណ កូនគិតគ្នាន់គ្នេរ....ទាន់ម៉ែរស់រាន..........ដល់លោកចែកឋាន ................កល្យាណស្ដាយក្រោយ។
១០.មេបាជរា......រស់នៅឯកា...........​ភ្លេចណា៎មុខក្រោយ ជួនកូនបន្ទោស...ទ្រគោះបោះឱយ........កូនអឺយកុំធ្លោយ
................នាំឱយមានពៀរ។
១១.បើកូនធ្វើល្អ...ពុកម៉ែត្រេកអរ...............ជូនពរស្ងួនភ្ងា
ស្គាល់តែសុខុម....សុខដុមរម្យនា.................ធ្វើសុរក្សា
................គ្រួសារថ្កើងថ្កាន។
១២.កូនជំពាក់គុណ..មេបាពេកពន់...............សងគុណមិនបាន កូនត្រូវសាងល្អ....ព្រះធម៌ជាយាន...............ខន្តីជាស្ពាន
.................រកឋានផុតទុក្ខ។
១៣.កូនចៅប្រុសស្រី..កុំគិតខាតអី.................ចំណីចំណុក
ធ្វើសែនដូនតា........មេបាចាស់ស្រុក.............កុំនៅអែអុក
..................ចាំទុកគ្រប់គ្នា។
១៤.ត្រូវសែនរាល់ឆ្នាំ..កូនចៅចងចាំ...........បណ្ដាំនេះណា៎
ទោះមានស្ដួចស្ដើង...ទោះថ្កើងវេហារ....ត្រូវឆ្លៀតគ្រប់គ្នា
...................បុត្រភ្ងាប្រុសស្រី។
១៥.ដឹងគុណមេបា.....សងគុណដូនតា..........គ្រូបាចារ្យថ្លៃ អ្នកបានមគ្គផល....មង្គលសិរី..........ជៀសផុតទោសពៃរិ៍
..................បុត្រថ្លៃគ្រប់គ្នា៕

Aucun commentaire:

Enregistrer un commentaire