១.ចាស់ទុំប្រដៅ.....ប្រាប់ដល់ញាតិផៅ...កូនចៅគ្រប់គ្នា
កុំប្រព្រឹត្តិល្បែង.....រមែងពំនៀរ..........អបាយពាលា
..................ពុំងារញៀនក្រៃ។
២.អ្នកញៀននឹងបៀ.មិនងាយដកឃ្លា........ពីវាបានអី
ចាញ់អស់លុយកាក់.....ធ្លាក់ខ្លួនក្រក្រី..ញាតិមាក់ងាយក្រៃ
...................អត់អីទិញស៊ី។
៣.ចាញ់បៀអស់លុយ..ក្រាញនៅអង្គុយ...មុខស្អុយវក់វី
តាំងដោះបញ្ចាំ......អង្កាំវជីរ..........យកចាក់មេស៊ី
...................អស់ពីដៃទៀត។
៤.ដល់ផ្ទះមួម៉ៅ....ខឹងជេរកូនចៅ...ចែកផ្លូវព្រោងព្រាត
ថុញថប់ដង្ហើម....លីមលើមលបឆ្លៀត.រកលុយលេងទៀត
................ចោលម្សៀតចាញ់គេ។
៥.ថ្ងៃនេះបានឈ្នះ...ចិត្តអររូតរះ........ទិញមាសជាកេរ្តិ៍
ថ្ងៃក្រោយចាញ់វិញ...ទោរម្នេញខ្ចីគេ..លក់មាសលក់កេរ្តិ៍
....................ឪម៉ែចែករ៉ា។
៦.អង្គុយព័ទ្ធវង់......ខ្លះលុតជង្គង់.ជាកង់ខ្ញៀវខ្ញារ
ដណ្ដើមកាច់លុយ......ប្រថុយដាក់ផា........ចាវខាងលើណា៎
/>....................គិតថាអញគ្រាន់។
៧.ស្ដាប់សូរមោះមុត...ចាក់ធំសុំអ៊ុត.......ក្រាបលុតរូសរាន់
ឈ្ងោកមើលអាប៉ោង..ទំនងឥតភាន់...អ៊ុតឃើញស្រែកលាន់
....................អញគ្រាន់បើវើយ។
៨.បានឈ្នះតែម្ដង....ចាញ់បីបួនដង....បូកសងឃើញហើយ
លទ្ធផលបញ្ចប់......ចាញ់កប់ក្ដោងអឺយ...រើមិនរួចឡើយ
....................អញអ្ហើយហ្មត់ប្រាក់។
៩.អាប៉ោងប្រើល្បិច....អេឡិចទ្រនិច.......ឱយគេចស៊ីប្រាក់
កូនស្ដាប់ច្បាស់សូរ.លោតហ៊ោទៅចាក់.ដល់អ៊ុតស្រែកភ្ញាក់
....................ស៊ីប្រាក់អស់ទៀត។
១០.អស់លុយមិញមុញ...គំនិត្យគិតសុញ...អែសអុញសួរញាតិ
អង្វរខ្ចីលុយ........ប្រថុយចាក់ទៀត.....ក្រែងមានមាយាទ
....................សូកសៀតឈ្នះវិញ។
១១.ញាតិឱយខ្ចីប្រាក់..បានលុយលោតដាក់..ចាក់យកឈ្នះវិញ
បើកឡើងមេឆី......អ្នកថ្លៃទោរម្នេញ..អស់លុយមុខស្ញេញ
...................បញ្ចេញក្ដីទុក្ខ។
១២.បៀកូនក្រមុំ........បានលេងទុក្ខធំ.........ចាស់ទុំទំនុក
មយដាក់អន្ទាក់........កៀងអ្នកចូលតុ...បោកស៊ីលុយខ្មុក
.....................ចាំទុកកល្យាណ។
១៣.ល្បែងគ្រប់ជំពូក..លេងភ្នាល់ឆបោក..ទាបថោកសាមាន្យ
ជៀសវាងកុំលេង......ល្បែងឱយខូចប្រាណ..មិនចេះកល្យាណ
.....................សុខសាន្តប្រិមប្រិយ។
១៤.ល្បែងឱយអ្នកញៀន.សឹងដូចអាភៀន.....កុំរៀនលេងអី
អ្នកចេះល្បែងហើយ.....ថ្លៃអ្ហើយរីងរៃ.......ប្រាក់កាស់ឧរៃ
.....................នៅដៃគេអស់។
១៥.គ្រប់ល្បែងប៉ោបៀ..ប្រើល្បិចស៊ីគ្នា..មិត្តភ្ងាឥតស្មោះ
ជីវភាពកម្មក្រាស់...ប្រាក់កាស់ហ្មត់អស់..អ័ព្ទទាំងកេរ្តិ៍ឈ្មោះ
......................កិត្តិយសគ្រួសារ។
១៦.សូមខ្មែរប្រុសស្រី.....លះបង់សព្វអ្វី......អប្រិយឫស្យា
មានវារុណី..............រមណីបេស្យា.....អាភៀនកញ្ឆា
......................ប៉ោបៀទាំងពួង៕
lundi 23 février 2009
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire