vendredi 16 décembre 2011

ស្ត្រីខ្មែរ

០១-កាលពីនៅតូចហៅកុម៉ារី      លុះធំពេញវ័យហៅកញ្ញា
ពេលចេះស្រឡាញ់ចេះស្នេហា    បានប្ដីរៀបការហៅលោកស្រី។
០២-ឯស្ត្រីខ្លះទៀតហៅជំទាវ      កាច់ឫករាងរៀវម្ញិកម្ញ៉ក់ក្រៃ
មានឈ្នួលបំរើផ្គាប់គុណថ្លៃ        ឥតចេះធ្វើអ្វីកិច្ចការផ្ទះ។
០៣-ឯលោកជំទាវខ្លះវិញទៀត​   ចរិយាមាយាទចិត្តមានះ
ជំរុញប្ដីឲ្យស៊ីប្រាក់កាស់​            ចិត្តលោភខ្លាំងណាស់ខុសផ្លូវធ៌ម។
០៤-ស៊ីលុយបានច្រើនឥតខ្វល់អ្វី  វិមានស្កឹមស្កៃល្អបវរ
មាសពេជរំលេចពេញដៃក          រថយន្តម៉ាកល្អតម្លៃខ្ពស់។
០៥-ជំទាវខ្លះទៀតចេះយកចិត្ត    អែបអបទូលពិតផ្អែមពិរោះ
ក្អែកមួយក្អែកដប់ប្រសប់ហួស    ដើម្បីសក្តិយសក្រុមគ្រួសារ។
០៦-បើជំទាវទាំងអស់ធ្វើបែបនេះ  អនាគតខ្មែរប្រេះឆាបែកគ្នា
អ្នកក្រច្រណែនខឹងផ្តន្ទា              ចោទលោកគ្រប់គ្នាបំផ្លាញជាតិ។
០៧-សូមលោកជំទាវទាំងអស់គិត  ហើយប្តូរគំនិត្យចិត្តមាយាទ
ជួយរាស្ត្រដែលក្រកុំបីឃ្លាត           ជៀសវាងពិឃាដខ្មែរដូចគ្នា។
០៨-ជំទាវត្រូវតែជួយជាតិយើង     ស្ត្រីដើមទ្រូងពើងប្រាំហត្ថណ៎ា
ដូចព្រះនាងលីវយីល្បីខ្លាំងក្លា       ដឹកនាំខេមរាការពារជាតិ។
០៩-ស្ត្រីខ្មែរខ្លះទៀតខឹងជេរប្ដី       ហាមឃាត់ប្រុសថ្លៃរឿងជួយជាតិ
ខ្លាចខាតលុយកាក់កម្លាំងទៀត     គិតថាជួយជាតិឥតបានការ។
១០-ពេលប្ដីឡើងធំតាំងកាច់ឫក    ឡើងធំពន្លឹកលើសប្តីរ៉ា
តាំងដូរសម្ដីចិត្តឫកពា                ជាអ្នកភារាខ្លួនអ្នកស្រែ។
១១-ដូច្នេះស្ត្រីខ្មែរត្រូវដឹងថា        ខ្មែរនៅស្ងៀមរ៉ា យូនរីកទ្វេ
លេបយកដីខ្មែរបានទទេ            ព្រោះអីអត់ខ្មែរប្រឆាំងវា។
១២-ខ្លះទៀតពូកែនិយាយដើម    ចាក់ចុចស្ទាត់ឆ្នើមរឿងឥតការ
ក្អែកមួយក្អែកដប់បញ្ជូនសារ       បានរឿងប្រេះឆាថោកទាបក្រៃ។
១៣-សូមឈប់អុចអាលនាំរឿងឈ្លោះ  រក្សាកិត្តិយសល្អប្រពៃ
រៀនតុបតែងផ្ទះអនាម័យ            រៀនធ្វើចំណីម្ហូបអាហារ។
១៤-បើឈ្លោះរឿងជាតិសមល្អពិត  ព្រោះចិត្តគំនិត្យគិតផ្លែកគ្នា
ឈ្លោះខាងសម្ដីវ័យប្រាជ្ញា            ដឹកនាំខេមរាសាងបុរី។
១៥-ស្ត្រីខ្លះទៀតគិតតែសប្បាយ   ឥតមានខ្វល់ខ្វាយរឿងជាតិអ្វី
គិតតែបៀប៉ោឧបាយអប្រិយ         ទាំងប្រពន្ធប្ដីស្រុះដៃគ្នា។
១៦-បើញៀនល្បែងហើយឥតខ្វល់ទេ  ដូចជាមាន់មេកាយពសុធា
កាយខ្ទេចកាយខ្ទីរកអាហារ             ធៀបស្ត្រីលែងបៀប៉ោរ៉ាល់ថ្ងៃ។
១៧-សូមកុំប្រព្រឹត្តិល្បែងបៀប៉ោ      លែងយូរអស់ខោគ្មានសល់អ្វី
បញ្ចាំមាសពេជប្រាក់ឧរៃ                ជួនលក់ទាំងដីលក់ទាំងកេរ្តិ៍។
១៨-សូមយកផ្លូវកណ្តាលមកប្រើ     ទាំងសព្វសារពើ​ ណ៎ារាស្ត្រខ្មែរ
កុំតឹងទៀងត្រង់រិះថាំទ្វេ                 កុំធូរវៀចវេរចាយខ្ជះខ្ជាយ។
១៩-កាលមុនស្ត្រីខ្មែរដឹកនាំជាតិ     ការពាររាស្ត្រទៀតផុតភយ្តរាយ
ដេញខ្មាំងឈ្លានពានឲ្យខ្ចាត់ខ្ចាយ   ឥតខ្លាចខ្វល់ខ្វាយច្បាំងតទល់។
២០-ឥឡូវស្ត្រីខ្មែរបែរទន់ខ្សោយ     នាំគ្នាបណ្តោយធូរតាមខ្យល់
ឥតប្រឹងពុះពារទប់តទល់               យកសិទ្ធិសាកលស្ត្រីស្មើប្រុស។
២១-ដូច្នេះស្ត្រីខ្មែរត្រូវក្រោកឡើង    ពាក្យថាទ្រូងពើងអ្នកចាំចុះ
ចូលធ្វើនយោបាយដូចបុរស          ឲ្យមានសព្ទយសឈ្មោះស្ត្រីខ្មែរ។
២២-ទាមទារឲ្យមានសិទ្ធសត្រី       សិទ្ធស្មើប្រុសស្រីថ្លៃមាសមេ
មានភាតរភាពសេរីភាពដែរ          សមភាពរាស្ត្រខ្មែរស្រីនិងប្រុស៕
​​​​​​​​​​​​​​​​                                                                      ១៩៨៧​ ផ.រ.

 

dimanche 13 novembre 2011

និទាឃៈរដូវ


០១.រដូវត្រជាក់..គឺសិសិរៈ..ហើយធ្លាក់ដល់នូវ
រដូវអ្វីអ្នក..និទាឃៈដឹងទៅ..ចាប់មានកំដៅ
...........ទៅលើពសុធា។
០២.Printempsដល់ហើយ..មានរស្មីហើយ..ធូរស្បើយគ្រប់គ្នា
ធម្មជាតិរូតរះ..យកឈ្នះរងា..ហើយចេញចេស្ដា
.............គ្រប់ណ៎ាទិសទី។
០៣.និទាឃៈរដូវ..រស្មីកំដៅ..ទៅលើប្រឹថពី
ធ្វើឲ្យធញ្ញជាតិ..ឆ្លៀតលូតសែនទ្វី..និងអដវី
.................លូតមីរដែរណ៎ា។
០៤.រដូវនិទាឃៈ..ក្នុងខែអីអ្នក..ចាំជាក់ខេមរា
ចាប់ពីទីម្ភៃ..នៃខែមីនា..ដល់ខែឧសភា
............ទីណ៎ាម្ភៃមួយ។
០៥.រុក្ខជាតិរីកស្រស់..ប្រជាទាំងអស់..ស្រស់បោះអស់ព្រួយ
ភក្ត្រក៏រីករាយ..សប្បាយណាស់មួយៗ..បានរស្មីជួយ
.............លើកស្ទួយជីវិត។
០៦.រុក្ខជាតិផ្កាផ្លែ..ពេញចំការស្រែ..មីរដេរដាស់ពិត
សត្វស្លាបតូចធំ..ហ្វូងឃ្មុំសត្វល្អិត..ហិចហើរជុំជិត
.................បឺតលិឍជីវជាតិ។

Printemps អានថា " ប្រាំងតង់ស៍ " ជាភាសាបារាំងប្រែថា និទាឃៈ
សែនទ្វី ប្រែថា​ទ្វេឡើង
អដវី អានថា អៈដៈវី ប្រែថា ព្រៃធំ

វស្សានរដូវ

០១.វស្សានរដូវ..តពីរដូវ..អ្វីទៅផៅញាតិ
តពីនិទាឃៈ..រុក្ខលាស់ព្រាត..ចូលវស្សានទៀត
...........ធម្មជាតិលាស់ខ្ចី។
០២.វស្សានរដូវ..ភ្លៀងច្រើនពេកកូវ..លេចផ្លូវស្រែព្រៃ
រដូវកាប់គាស់..ភ្ជួររាស់ជ្រោយដី..ដកស្ទូងញាប់ដៃ
............រាល់ថ្ងៃផងណ៎ា។
០៣.L'étéកល្យាណ..ប្រែថាវស្សាន..គ្រប់ប្រាណជ្រាបរ៉ា
ពីទីម្ភៃពីរ..នៃខែឧសភា..ដល់ខែកញ្ញា
..........ទីម្ភៃពីរដែរ។
០៤.វស្សានរុក្ខជាតិ..ផ្កាផ្លែព្រោងព្រាត..ខ្លះទៀតគ្មានផ្លែ
ស្លឹកបៃតងខ្ចី..ពេញព្រៃវាលស្រែ..មនោរម្យម៉្លេះទេ
..............l'été បវរ។
០៥.ពីរពាន់ដប់មួយ..ឆ្នាំនេះខ្មែរព្រួយ..ពេញមួយនគរ
ដោយទឹកជំនន់..ជន់លេចស្ទឹងអូរ..លេចស្រូវងាប់គរ
..............ងាប់គោក្របី។
០៦.រាស្ត្រវិញក៏ត្រូវ..ជួបផលអាស្រូវ..ខ្លះត្រូវក្សិណក្ស័យ
ផ្ទះក៏បាក់បែក..ហើយរែកទុក្ខភ័យ..ខ្លោចផ្សាណាស់ថ្លៃ
.............កម្មអីម៉្លេះទេ។
០៧.សូមឥន្ទទេវតា..ជួយថែរក្សា..ខេមរារាស្ត្រខ្មែរ
ដែលមានអាសន្ន..ទឹកជន់លេចស្រែ..ឲ្យឆាប់ស្រកទ្វេ
................ជៀសដែរទុក្ខភ័យ៕

L'été អានថា​ " លេតេ " ជាភាសាបារាំងប្រែថា វស្សាន

ហេមន្តរដូវ


០១.ព្រលប់ត្រជាក់..មានសន្សើមធ្លាក់..ពូនពាក់ជោកដី
ជោកស្មៅស្លឹកឈើ..នៅលើព្រឹក្សព្រៃ..ជារដូវអ្វី
.....................អ្នកថ្លៃដឹងទេ។
០២.គឺជារដូវ..ហេមន្តរដូវ..ចាំទៅកូនខ្មែរ
យប់ចាប់ត្រជាក់..ភ្លៀងធ្លាក់ញឹកដែរ..ផ្សិតក៏ដុះទ្វេ
...............ជ្រាបទេខេមរា។
០៣.ព្រលប់មកដល់..ទោះជាមានខ្យល់..បក់វល់វេហា
ឬឥតវាយោ..បក់មកទេណា..ក៏ធាតុរងា
............តាមជាមិត្តផង។
០៤.ស្លឹកឈើប្រែពណ៌..ពីបៃតងល្អ..មកពណ៌លឿងម្ដង
ហើយក៏ចាប់ជ្រុះ..ក្រាលសុះដីផង..ឲ្យញាតិប្អូនបង
.............សៅហ្មងចិន្ដា។
០៥.ស្លឹកឈើលឿងទុំ..ពាស់វាលតូចធំ..ពេញភ្នំព្រឹក្សា
ប្រៀបដូចភ្លើងឆេះ..សម្លេះរុក្ខា..នេះហើយចេស្ដា
..................ហេមន្តសម័យ។
០៦.SAISON AUTOMNE..ដល់ខែដែលកូន..បងប្អូនប្រុសស្រី
សែនជូនដូនតា..មេបាអ្នកថ្លៃ..ដែលចាកលោកិយ
.............សុំក្ដីសុខា។
០៧.ហេមន្តសម័យ..ចាប់ពីម្ភៃបី..នៃខែកញ្ញា
ដល់ថ្ងៃម្ភៃមួយ..នៃខែធ្នូរ៉ា..សូមជ្រាបប្រជា
...............គ្រប់គ្នាទៅអឺយ៕

SAISON អានថា​ " សេហ្សុង​ " ជាភាសាបារាំង ប្រែថា រដូវ
AUTOMNE អានថា " អូតូន " ជាភាសាបារាំង ប្រែថា ហេមន្ត

vendredi 11 novembre 2011

សិសិររដូវ



០១.សិសិររដូវ..តពីរដូវ..អ្វីទៅអ្នកអ្ហើយ
រដូវសន្សើម..ធ្លាក់សើមដីអឺយ..ហេមន្តលោកអឺយ
............ចំលើយត្រូវណ៎ា។
០២.សិសិររដូវ..មានធ្លាក់ The Snow..ចាំទៅខេមរា
ចាប់ពីថ្ងៃទី..ម្ភៃពីរធ្នូរ៉ា..ដល់ខែមិនា
............ទីដប់ប្រាំបួន។
០៣.HIVERប្រែថា..សិសិរៈរ៉ា..ចាំណាមាសស្ងួន
មានទឹកកកធ្លាក់..ត្រជាក់ញ័រខ្លូន..ស្លៀកពាក់មាំមួន
................អាវបូនជាន់ផង។
០៤.ពេលទឹកកកធ្លាក់..ហើយកករឹងជាក់..ត្រជាក់កន្លង
ជួនខ្យល់ល្ហៀកៗ..ត្រចៀកដៃផង..ឈឺស្ពឹកស្រៀវស្រង
..................ប្អូនបងជ្រាបទៅ។
០៥.ខោអាវធាតុLAINE..ក្រណាត់ល្អមែន..ហើយសែនកក់ក្ដៅ
ធាតុLAINEការពារ..រងាជ្រាបទៅ..ពេលអ្នកចេញក្រៅ
.................ពាក់ទៅសង្ហារ។
០៦.ប្រជាអឺរ៉ុប..ជាវអាវប្រើគ្រប់..ជួយទប់រងា
ពេលគេចេញក្រៅ..ដើរទៅធ្វើការ..កក់ក្ដៅអស្ចារ្យ
................ខេមរាជ្រាបទៅ៕

HIVER អានថា" អ៊ីវា " ជាភាសាបារាំង ប្រែថា សិសិរឬសិសិរៈ ជារដូវត្រជាក់
THE SNOW អានថា​" ដឺស្នូវ " ជាភាសាអង់ក្លេស៍ ប្រែថា ទឹកកក

lundi 21 février 2011

បឋវី

០១.វសុមតី..........ធំមូលមានផ្ទៃ.......... ទឹកដីទូលំ
រីផ្ទៃសមុទ្រ..........ធំផុតលើសភ្នំ............រួមទាំងវាលធំ
..................និងភ្នំវាលិកា។
០២.បឋវីវិល.........ជុំវិញ ITSELF​(អ៊ិតសិល)...ប្រើ ពេលវេលា
មួយថ្ងៃទើបជុំ........ខ្លួនមុំពសុធា...........សូមជ្រាបញាតកា
..................ខេមរាប្រុសស្រី។
០៣.បឋវីធំ..........មានផ្ទៃទូលំ............វិលជុំ​ SOLEIL(សូឡី)
អស់ពេលបីរយ.......ហុកសិបប្រាំថ្ងៃ..........មួយឆ្នាំនោះអី
..................ជ្រាបវ៉ីស្ងួនភ្ងារ។
០៤.លើបឋវី.......... គឺមានប្រថពី............គិរីព្រឹក្សា
សមុទ្រតូចធំ.........វាលភ្នំពាលុកា...........ម្រឹកនិងមច្ឆា
.................បក្សាបក្សី។
០៥.លើ ពសុធា......មានទ្វីបប្រាំណ៎ា.........មួយអាហ្រ្វិកវ៉ី
ពីរអាមេរិក..........អឺរ៉ុបទីបី.................បួនអាស៊ីនោះអី
.................ប្រាំអូស្រ្តាលី។
០៦.អាមេរិកឡាទីន....ទ្វីបនេះធំមែន............ព្រំដែនធរណី
នៅជុំវិញទ្វីប.......សុទ្ធតែជលធី............មើលលើផែនទី
..................ធំវែងអន្លាយ។
០៧.រីទ្វីបអឺរ៉ុប.......ដីគ្របដណ្ដប់............ព្រំចប់សែនឆ្ងាយ
មានទេសរុស្ស៊ី.......ដែនទីលាតឆ្ងាយ.........ធំវែងអន្លាយ
..................គ្រប់កាយជ្រាបរ៉ា។
០៨.អឺរ៉ុបអាស៊ី........ព្រំដែនទ្វីបពីរ............ប្រថពីជាប់គ្នា
ជាប់តែភូមិសាស្រ្ត.....ជាតិសាសន៍ប្រជា.........ព៌ណស្បែកប្លែកគ្នា
..................គ្រប់គ្នាជ្រាបផង។
០៩.ប្រជា ASIA......ស្បែកលឿងទេណ៎ា.....ញាតកាដឹងផង
អឺរ៉ុបស្បែកស........ស្អាតល្អហ្មត់ហ្មង.......ច្រមុះស្រួចផង
..................ប្អូនបងឃើញទេ។
១០.អាហ្រ្វិកស្បែកខ្មៅ...មាឌធំស្រឡៅ........ជ្រាបទៅញាតិខ្មែរ
ទ្វីបនេះក៏ធំ..........ជុំវិញសុទ្ធតែ​..............សមុទ្រធំទ្វេ
...................ស្គាល់ទេប្រជា។
១១.មួយឆ្នាំគឹតទៅ....មានបួនរដូវ..............នៅលើពសុធា
មួយនិទាឃៈ...........ពីរវស្សានៈរ៉ា............បីហេមន្តណ៎ា
...................ចត្វាសិសិរៈ។
១២.និទាឃៈរដូវ........អាកាសធាតុក្ដៅ.........ចាំទៅលោកអ្នក
ខែចេត្រក្ដៅខ្លាំង....ស្ងួតរាំងភ្លៀងជាក់......បែកញើសខ្ជោកខ្ជាក
....................សើមឃ្លៀកគ្រប់គ្នា។
១៣.វស្សានរដូវ.......ភ្លៀងច្រើនពេកកូវ........លិចផ្លូវទីធ្លា
កើតទឹកជំនន់............ជោរជន់ហូរហៀរ.......លិចភូមិភារា
....................ប្រជាខ្លាចភ័យ។
១៤.ហេមន្តរដូវ........សន្សើមធ្លាក់នៅ........ជោកផ្លូវព្រឹក្សព្រៃ
សន្សើមធ្លាក់គ្រប់......ព្រលប់រាត្រី...............ជោកស្មៅសើមដី
....................ស្នាដៃហេមន្ត។
១៥.សិសិររដូវ.........ធ្លាក់​ NEIGE(ណែហ្ស)ឬ SNOW(ស្នូវ)...ពេញផ្លូវរថយន្ត
ធ្លាក់គ្របគិរី..........គ្រប់ទីតំបន់...............ត្រជាក់ពេកពន់
....................ទឹកមន្តសិសិរៈ។
១៦.ទ្វីបអង់តាកទិក.....ផ្ទុយពីអាកទិក............កុំភ្លេចលោកអ្នក
អាកទិកហៅប៉ូល.......ខាងជើងចាំជាក់............ប៉ូលត្បូងវិញអ្នក
....................ហៅអង់តាកទិក។
១៧.ប៉ូលត្បូងសម្បូរ......ទឹកកកហៀរហូរ.........កកគរជានិច្ច
មានថនិកសត្វ.........និងថលជលិក............ហើយនិងបុគ្គលិក
....................SCIENTIFIQUE(ស្យង់ទីហ្វិក) ប៉ុណ្ណោះ៕
ផ.រ.

វាលិកា ឬ ពាលុកា ប្រែថា ខ្សាច់
ITSELF អានថា អ៊ិតសិល ជាភាសាអង់ក្លេស​​ ប្រែថា​ ខ្លួនវា​ ឬ ខ្លួនឯង
SOLEIL អានថា​ សូឡី ជាភាសាបារាំង ប្រែថា ព្រះអាទិត្យ
បឋវី បៈឋៈវី ឬ វសុមតី វៈសុមៈតី ឬ ពសុធា ប្រែថា ផែនដី
NEIGE អានថា​ ណែហ្ស ជាភាសាបារាំង ប្រែថា ទឹកកក
SNOW អានថា ស្នូវ ជាភាសាអង់ក្លេស ប្រែថា ទឹកកក
ថនិកសត្វ អានថា ថៈនិកសត្វ ប្រែថា​ សត្វចិញ្ចឹមកូនដោយទឹកដោះ
ថលជលិក អានថា​ ថៈលៈជៈលិក ប្រែថា សត្វរស់នៅលើគោកនិងក្នុងទឹកផង
ដូចជាកង្កែប ជាដើម
SCIENTIFIQUE អានថា ស្យង់ទីហ្វិក ជាភាសាបារាំង ប្រែថា អ្នកស្រាវជ្រាវ
ទទឹងផែនដី​ត្រង់ខ្សែ អេក្វាត័រ (équateur) ប្រវែង 12756 KM
ទទឹងផែនដីត្រង់ប៉ូលខាងជើង ប៉ូលខាងត្បូង ប្រវែង 12713 KM
បរិវេណផែនដី 40053,84 KM
ទំហំផ្ទៃផែនដី មាន 510 101 000 KM2
ផែនដីមានចំណុះ 1 08 33 20 00 00 00 KM3
ផែនដីមានទម្ងន់ 60 00 00 00 00 00 00 00 00 00 00 Tonnes

samedi 12 février 2011

សុរិយគតិ

០១.មួយឆ្នាំគឹតទៅ.......មានបួនរដូវ......ចាំទៅលោកអ្នក
មួយនិទាឃៈ..............ពីរវស្សានៈ.......បីហេមន្ត{មន់តៈ}
.......................បួនសិសិរណា។
០២.និទាឃៈរដូវ...........អាកាសធាតុក្ដៅ....ចាំទៅញាតកា
ចាប់ពីថ្ងៃទី..............ម្ភៃខែមិនា.............ដល់មិថុនា
.......................ទីម្ភៃមួយរ៉ា។
០៣.វស្សានរដូវ..........ភ្លៀងច្រើនពេកកូវ..លេចផ្លូវយាត្រា
ចាប់ពីថ្ងៃទី..............ម្ភៃពីរមិថុនា.........ដល់ខែកញ្ញា
.......................ទីម្ភៃពីរដែរ។
០៤.ហេមន្តរដូវ..........សន្សើម ជោកស្មៅ..ជោកផ្លូវដីស្រែ
ពីទីម្ភៃបី..............កញ្ញាខែខ្មែរ.........ដល់ម្ភៃមួយខែ
......................ធ្នូណាជ្រាបទៅ។
០៥.រដូវសិសិរៈ...........យប់ថ្ងៃត្រជាក់...មានធ្លាក់ THE SNOW
ចាប់ពីថ្ងៃទី..............ម្ភៃពីរធ្នូទៅ...........រហូតដល់នូវ
......................ដប់ប្រាំបួនមិនា។
០៦.ទ្វីប OCEANIE........រដូវផ្ទុយពី.............អាស៊ីដែរណា
ផ្ទុយពីអឺរ៉ុប..............និងអាមេរិកា............ប៉ែកខាងជើងរ៉ា
.......................ឧបមាជូនអ្នក។
០៧.នៅ OCEANIE.......ក្ដៅខ្លោចប្រថពី.....អាស៊ីត្រជាក់
អាមេរិក អឺរ៉ុប.............ថ្ងៃយប់ត្រជាក់..ហើយមាន SNOW ធ្លាក់
.......................ពូនពាក់លើដី។
០៨.បឋវីវិល.............ជុំវិញ ITSELF.......ប្រើពេលមួយថ្ងៃ
គឺ VINGT QUATRE HEURES.. ONE YEAR ផែនដី.......វិលជុំ SOLEIL
......................បានវ៉ីមួយជុំ។
០៩.វសុមតី.............មានទឹកនិងដី...........មានផ្ទៃទូលំ
មានទន្លេស្ទឹង.........និងសមុទ្រធំ..........មានជ្រោះព្រៃភ្នំ
.....................វាលធំភ្នំខ្សាច់៕
បឋវី អាន បៈឋៈវី ឬ វសុមតី​ អាន​ វៈសុមៈតី ឬ ពសុធា = ផែនដីទាំងមូល
SNOW ស្នូវ (ជាភាសាអង់ក្លេស) = ទឹកកក
VINGT QUATRE HEURES វ៉ាំង កាត្រ អឿរ៍ ឫ វ៉ាំង កាត្រត្រឿរ៍(ជាភាសាបារាំង)= ២៤​ម៉ោង
ITSELF អ៊ិតសិលហ៍្វ​ (ជាភាសាអង់ក្លេស) = ខ្លួនឯង ឬ ខ្លួនវា
ONE YEAR វ៉ួន យឿ​ (ជាភាសាអង់ក្លេស) = មួយឆ្នាំ
SOLEIL សូឡី (ជាភាសាបារាំង) = ព្រះអាទិត្យ


ផ.រ.