០១.វសុមតី..........ធំមូលមានផ្ទៃ.......... ទឹកដីទូលំ
រីផ្ទៃសមុទ្រ..........ធំផុតលើសភ្នំ............រួមទាំងវាលធំ
..................និងភ្នំវាលិកា។
០២.បឋវីវិល.........ជុំវិញ ITSELF(អ៊ិតសិល)...ប្រើ ពេលវេលា
មួយថ្ងៃទើបជុំ........ខ្លួនមុំពសុធា...........សូមជ្រាបញាតកា
..................ខេមរាប្រុសស្រី។
០៣.បឋវីធំ..........មានផ្ទៃទូលំ............វិលជុំ SOLEIL(សូឡី)
អស់ពេលបីរយ.......ហុកសិបប្រាំថ្ងៃ..........មួយឆ្នាំនោះអី
..................ជ្រាបវ៉ីស្ងួនភ្ងារ។
០៤.លើបឋវី.......... គឺមានប្រថពី............គិរីព្រឹក្សា
សមុទ្រតូចធំ.........វាលភ្នំពាលុកា...........ម្រឹកនិងមច្ឆា
.................បក្សាបក្សី។
០៥.លើ ពសុធា......មានទ្វីបប្រាំណ៎ា.........មួយអាហ្រ្វិកវ៉ី
ពីរអាមេរិក..........អឺរ៉ុបទីបី.................បួនអាស៊ីនោះអី
.................ប្រាំអូស្រ្តាលី។
០៦.អាមេរិកឡាទីន....ទ្វីបនេះធំមែន............ព្រំដែនធរណី
នៅជុំវិញទ្វីប.......សុទ្ធតែជលធី............មើលលើផែនទី
..................ធំវែងអន្លាយ។
០៧.រីទ្វីបអឺរ៉ុប.......ដីគ្របដណ្ដប់............ព្រំចប់សែនឆ្ងាយ
មានទេសរុស្ស៊ី.......ដែនទីលាតឆ្ងាយ.........ធំវែងអន្លាយ
..................គ្រប់កាយជ្រាបរ៉ា។
០៨.អឺរ៉ុបអាស៊ី........ព្រំដែនទ្វីបពីរ............ប្រថពីជាប់គ្នា
ជាប់តែភូមិសាស្រ្ត.....ជាតិសាសន៍ប្រជា.........ព៌ណស្បែកប្លែកគ្នា
..................គ្រប់គ្នាជ្រាបផង។
០៩.ប្រជា ASIA......ស្បែកលឿងទេណ៎ា.....ញាតកាដឹងផង
អឺរ៉ុបស្បែកស........ស្អាតល្អហ្មត់ហ្មង.......ច្រមុះស្រួចផង
..................ប្អូនបងឃើញទេ។
១០.អាហ្រ្វិកស្បែកខ្មៅ...មាឌធំស្រឡៅ........ជ្រាបទៅញាតិខ្មែរ
ទ្វីបនេះក៏ធំ..........ជុំវិញសុទ្ធតែ..............សមុទ្រធំទ្វេ
...................ស្គាល់ទេប្រជា។
១១.មួយឆ្នាំគឹតទៅ....មានបួនរដូវ..............នៅលើពសុធា
មួយនិទាឃៈ...........ពីរវស្សានៈរ៉ា............បីហេមន្តណ៎ា
...................ចត្វាសិសិរៈ។
១២.និទាឃៈរដូវ........អាកាសធាតុក្ដៅ.........ចាំទៅលោកអ្នក
ខែចេត្រក្ដៅខ្លាំង....ស្ងួតរាំងភ្លៀងជាក់......បែកញើសខ្ជោកខ្ជាក
....................សើមឃ្លៀកគ្រប់គ្នា។
១៣.វស្សានរដូវ.......ភ្លៀងច្រើនពេកកូវ........លិចផ្លូវទីធ្លា
កើតទឹកជំនន់............ជោរជន់ហូរហៀរ.......លិចភូមិភារា
....................ប្រជាខ្លាចភ័យ។
១៤.ហេមន្តរដូវ........សន្សើមធ្លាក់នៅ........ជោកផ្លូវព្រឹក្សព្រៃ
សន្សើមធ្លាក់គ្រប់......ព្រលប់រាត្រី...............ជោកស្មៅសើមដី
....................ស្នាដៃហេមន្ត។
១៥.សិសិររដូវ.........ធ្លាក់ NEIGE(ណែហ្ស)ឬ SNOW(ស្នូវ)...ពេញផ្លូវរថយន្ត
ធ្លាក់គ្របគិរី..........គ្រប់ទីតំបន់...............ត្រជាក់ពេកពន់
....................ទឹកមន្តសិសិរៈ។
១៦.ទ្វីបអង់តាកទិក.....ផ្ទុយពីអាកទិក............កុំភ្លេចលោកអ្នក
អាកទិកហៅប៉ូល.......ខាងជើងចាំជាក់............ប៉ូលត្បូងវិញអ្នក
....................ហៅអង់តាកទិក។
១៧.ប៉ូលត្បូងសម្បូរ......ទឹកកកហៀរហូរ.........កកគរជានិច្ច
មានថនិកសត្វ.........និងថលជលិក............ហើយនិងបុគ្គលិក
....................SCIENTIFIQUE(ស្យង់ទីហ្វិក) ប៉ុណ្ណោះ៕
ផ.រ.
វាលិកា ឬ ពាលុកា ប្រែថា ខ្សាច់
ITSELF អានថា អ៊ិតសិល ជាភាសាអង់ក្លេស ប្រែថា ខ្លួនវា ឬ ខ្លួនឯង
SOLEIL អានថា សូឡី ជាភាសាបារាំង ប្រែថា ព្រះអាទិត្យ
បឋវី បៈឋៈវី ឬ វសុមតី វៈសុមៈតី ឬ ពសុធា ប្រែថា ផែនដី
NEIGE អានថា ណែហ្ស ជាភាសាបារាំង ប្រែថា ទឹកកក
SNOW អានថា ស្នូវ ជាភាសាអង់ក្លេស ប្រែថា ទឹកកក
ថនិកសត្វ អានថា ថៈនិកសត្វ ប្រែថា សត្វចិញ្ចឹមកូនដោយទឹកដោះ
ថលជលិក អានថា ថៈលៈជៈលិក ប្រែថា សត្វរស់នៅលើគោកនិងក្នុងទឹកផង
ដូចជាកង្កែប ជាដើម
SCIENTIFIQUE អានថា ស្យង់ទីហ្វិក ជាភាសាបារាំង ប្រែថា អ្នកស្រាវជ្រាវ
ទទឹងផែនដីត្រង់ខ្សែ អេក្វាត័រ (équateur) ប្រវែង 12756 KM
ទទឹងផែនដីត្រង់ប៉ូលខាងជើង ប៉ូលខាងត្បូង ប្រវែង 12713 KM
បរិវេណផែនដី 40053,84 KM
ទំហំផ្ទៃផែនដី មាន 510 101 000 KM2
ផែនដីមានចំណុះ 1 08 33 20 00 00 00 KM3
ផែនដីមានទម្ងន់ 60 00 00 00 00 00 00 00 00 00 00 Tonnes
lundi 21 février 2011
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire