០១-កាលពីនៅតូចហៅកុម៉ារី លុះធំពេញវ័យហៅកញ្ញា
ពេលចេះស្រឡាញ់ចេះស្នេហា បានប្ដីរៀបការហៅលោកស្រី។
០២-ឯស្ត្រីខ្លះទៀតហៅជំទាវ កាច់ឫករាងរៀវម្ញិកម្ញ៉ក់ក្រៃ
មានឈ្នួលបំរើផ្គាប់គុណថ្លៃ ឥតចេះធ្វើអ្វីកិច្ចការផ្ទះ។
០៣-ឯលោកជំទាវខ្លះវិញទៀត ចរិយាមាយាទចិត្តមានះ
ជំរុញប្ដីឲ្យស៊ីប្រាក់កាស់ ចិត្តលោភខ្លាំងណាស់ខុសផ្លូវធ៌ម។
០៤-ស៊ីលុយបានច្រើនឥតខ្វល់អ្វី វិមានស្កឹមស្កៃល្អបវរ
មាសពេជរំលេចពេញដៃក រថយន្តម៉ាកល្អតម្លៃខ្ពស់។
០៥-ជំទាវខ្លះទៀតចេះយកចិត្ត អែបអបទូលពិតផ្អែមពិរោះ
ក្អែកមួយក្អែកដប់ប្រសប់ហួស ដើម្បីសក្តិយសក្រុមគ្រួសារ។
០៦-បើជំទាវទាំងអស់ធ្វើបែបនេះ អនាគតខ្មែរប្រេះឆាបែកគ្នា
អ្នកក្រច្រណែនខឹងផ្តន្ទា ចោទលោកគ្រប់គ្នាបំផ្លាញជាតិ។
០៧-សូមលោកជំទាវទាំងអស់គិត ហើយប្តូរគំនិត្យចិត្តមាយាទ
ជួយរាស្ត្រដែលក្រកុំបីឃ្លាត ជៀសវាងពិឃាដខ្មែរដូចគ្នា។
០៨-ជំទាវត្រូវតែជួយជាតិយើង ស្ត្រីដើមទ្រូងពើងប្រាំហត្ថណ៎ា
ដូចព្រះនាងលីវយីល្បីខ្លាំងក្លា ដឹកនាំខេមរាការពារជាតិ។
០៩-ស្ត្រីខ្មែរខ្លះទៀតខឹងជេរប្ដី ហាមឃាត់ប្រុសថ្លៃរឿងជួយជាតិ
ខ្លាចខាតលុយកាក់កម្លាំងទៀត គិតថាជួយជាតិឥតបានការ។
១០-ពេលប្ដីឡើងធំតាំងកាច់ឫក ឡើងធំពន្លឹកលើសប្តីរ៉ា
តាំងដូរសម្ដីចិត្តឫកពា ជាអ្នកភារាខ្លួនអ្នកស្រែ។
១១-ដូច្នេះស្ត្រីខ្មែរត្រូវដឹងថា ខ្មែរនៅស្ងៀមរ៉ា យូនរីកទ្វេ
លេបយកដីខ្មែរបានទទេ ព្រោះអីអត់ខ្មែរប្រឆាំងវា។
១២-ខ្លះទៀតពូកែនិយាយដើម ចាក់ចុចស្ទាត់ឆ្នើមរឿងឥតការ
ក្អែកមួយក្អែកដប់បញ្ជូនសារ បានរឿងប្រេះឆាថោកទាបក្រៃ។
១៣-សូមឈប់អុចអាលនាំរឿងឈ្លោះ រក្សាកិត្តិយសល្អប្រពៃ
រៀនតុបតែងផ្ទះអនាម័យ រៀនធ្វើចំណីម្ហូបអាហារ។
១៤-បើឈ្លោះរឿងជាតិសមល្អពិត ព្រោះចិត្តគំនិត្យគិតផ្លែកគ្នា
ឈ្លោះខាងសម្ដីវ័យប្រាជ្ញា ដឹកនាំខេមរាសាងបុរី។
១៥-ស្ត្រីខ្លះទៀតគិតតែសប្បាយ ឥតមានខ្វល់ខ្វាយរឿងជាតិអ្វី
គិតតែបៀប៉ោឧបាយអប្រិយ ទាំងប្រពន្ធប្ដីស្រុះដៃគ្នា។
១៦-បើញៀនល្បែងហើយឥតខ្វល់ទេ ដូចជាមាន់មេកាយពសុធា
កាយខ្ទេចកាយខ្ទីរកអាហារ ធៀបស្ត្រីលែងបៀប៉ោរ៉ាល់ថ្ងៃ។
១៧-សូមកុំប្រព្រឹត្តិល្បែងបៀប៉ោ លែងយូរអស់ខោគ្មានសល់អ្វី
បញ្ចាំមាសពេជប្រាក់ឧរៃ ជួនលក់ទាំងដីលក់ទាំងកេរ្តិ៍។
១៨-សូមយកផ្លូវកណ្តាលមកប្រើ ទាំងសព្វសារពើ ណ៎ារាស្ត្រខ្មែរ
កុំតឹងទៀងត្រង់រិះថាំទ្វេ កុំធូរវៀចវេរចាយខ្ជះខ្ជាយ។
១៩-កាលមុនស្ត្រីខ្មែរដឹកនាំជាតិ ការពាររាស្ត្រទៀតផុតភយ្តរាយ
ដេញខ្មាំងឈ្លានពានឲ្យខ្ចាត់ខ្ចាយ ឥតខ្លាចខ្វល់ខ្វាយច្បាំងតទល់។
២០-ឥឡូវស្ត្រីខ្មែរបែរទន់ខ្សោយ នាំគ្នាបណ្តោយធូរតាមខ្យល់
ឥតប្រឹងពុះពារទប់តទល់ យកសិទ្ធិសាកលស្ត្រីស្មើប្រុស។
២១-ដូច្នេះស្ត្រីខ្មែរត្រូវក្រោកឡើង ពាក្យថាទ្រូងពើងអ្នកចាំចុះ
ចូលធ្វើនយោបាយដូចបុរស ឲ្យមានសព្ទយសឈ្មោះស្ត្រីខ្មែរ។
២២-ទាមទារឲ្យមានសិទ្ធសត្រី សិទ្ធស្មើប្រុសស្រីថ្លៃមាសមេ
មានភាតរភាពសេរីភាពដែរ សមភាពរាស្ត្រខ្មែរស្រីនិងប្រុស៕
១៩៨៧ ផ.រ.
vendredi 16 décembre 2011
Inscription à :
Publier les commentaires (Atom)
Aucun commentaire:
Enregistrer un commentaire