dimanche 29 mars 2009

ហង្ស

១.ហង្សមានមាសប្រាក់........យកទិញបុណ្យស័ក្ដិ.......បានពាក់លើស្មា
មិនអាចទិញចិត្ត.............ញាតិមិត្តគ្រប់គ្នា...........ឱយគេស្នេហា
..........................អត្តាបានអី។
២.ប្រាក់អាចទិញមាស..........ទិញពេជស្អេកស្កាស់........ឥតខ្វះអ្វីទេ
រីឯទុក្ខសោក...............ប្រាក់ថោកទាបទ្វេ.......ប្រាក់ទិញបានទេ
..........................ក្ដីស្នេហ៍ក្ដីស្លាប់។
៣.មានប្រាក់សាងសង់..........អាគារសំណង់.............ផូរផង់គួរគាប់
ទុកជាស្នាដៃ................សក្ខីជាប់លាប់.....កេរិ៍្តឈ្មោះអឺងអ័ព្ទ
..........................បានរាប់រយឆ្នាំ។
៤.ជាវបដិមាករ..............ថ្វាយជាកាដូ............ជាថ្នូរលាងកម្ម
សងគុណមេបា...............គ្រប់គ្នាចងចាំ............ដែលគាត់ថែទាំ
..........................ទំរាំអ្នកធំ។
៥.ជួយដោយស្មោះស្ម័គ្រ...មានឈ្មោះអមតៈ...ឈ្មោះអ្នកឧត្តម
ញាតិកោតសរសើរ...........បានធ្វើបុណ្យធំ.........ជួយដល់សង្គម
..........................គុណធំវេហារ។
៦.ហង្សមានស្ដុកស្ដម្ភ.....ឥតជួយឧបត្ថម............សង្គមប្រជា
មិនធ្វើអ្វីមួយ...............លើកស្ទួយសាសនា...នោះឈ្មោះអត្តា
.........................បាត់ណា៎សាបសូន្យ។
៧.ហង្សមានស្ដុកស្ដម្ភ....បានជួយឧបត្ថម.......សង្គមជាតិខ្លួន
អ្នកបានល្បីឈ្មោះ........កិត្តិយសសមសួន......ជួយញាតិបងប្អូន
.........................ជីដូនជីតា។
៨.ប្រាក់រាប់មិនអស់...........ស្លាប់ទៅឥតឈ្មោះ...កិត្តយសមេបា
រស់បានមួយជាតិ.............ឆ្លៀតជួយសាសនា..ឱយមានឈ្មោះចារ
.........................ក្នុងសាវតាខ្មែរ។
៩.សូមហង្សកុំភ្លេច........មាសប្រាក់ត្បូងពេជ......រំលេចល្អទ្វេ
អ្នកផងសរសើរ.............មកលើហង្សដែរ........ជនពាលក៏ស្នេហ៍
.........................រិះរេឥស្សា។
១០.ទ្រព្យធនឧរ៉ៃ............ត្បូងពេជចរណៃ........ឱយភ័យទោសា
ជនពាលពេញចិត្ត............រិះគិតនិន្ទា...........ហើយតាមផ្ដន្ទា
.........................អាត្មាហ្មងសៅ។
១១.ទ្រព្យច្រើនអនេក........ហង្សរស់ជិតក្អែក....បើកភ្នែកមើលទៅ
ហង្សល្អឆើតឆាយ..........ក្អែកកាយចិត្តខ្មៅ.......ដល់វាម៉ួម៉ៅ
.........................ហង្សត្រូវវិនាស។
១២.ហង្សគួរបែងចែក........ទុកឱយហ្វូងក្អែក........មានមែកទំខ្លះ
ប្រយ័ត្នក្អែកខឹង...........វាហ្នឹងចឹកច្រាស់......ហង្សត្រូវព្រាត់ប្រាស់
........................វិនាសអន្តរាយ។
១៣.ហង្សត្រូវចេះរស់........មានចិត្តសន្ដោស......ដូរដោះចិត្តកាយ
ដោយចែកក្អែករស់.........គេស្មោះពណ្ណរាយ...ហង្សអាចផ្ញើកាយ
........................ជានាយក្អែកបាន។
១៤.ហង្សមានសប្បុរស.....ជួយឱយក្អែករស់....ហង្សរស់ក្សេមក្សាន្ត
ហង្សជួយរំលេក...........ឱយក្អែករស់រាន.......ហង្សនឹងសុខសាន្ត
........................ហើយបានសោភា។
១៥.ក្អែករស់ស្រណុក.......ក្អែកស៊ូទូទុក្ខ............ឈមមុខការពារ
ស្មោះស្ម័គ្រដើម្បី........ហង្សថ្លៃសក្ដា..........ហង្សមានឧមា
........................មេធាជាខ្នង៕
តែងនូវឆ្នាំ២០០៥

Aucun commentaire:

Enregistrer un commentaire