dimanche 13 novembre 2011

និទាឃៈរដូវ


០១.រដូវត្រជាក់..គឺសិសិរៈ..ហើយធ្លាក់ដល់នូវ
រដូវអ្វីអ្នក..និទាឃៈដឹងទៅ..ចាប់មានកំដៅ
...........ទៅលើពសុធា។
០២.Printempsដល់ហើយ..មានរស្មីហើយ..ធូរស្បើយគ្រប់គ្នា
ធម្មជាតិរូតរះ..យកឈ្នះរងា..ហើយចេញចេស្ដា
.............គ្រប់ណ៎ាទិសទី។
០៣.និទាឃៈរដូវ..រស្មីកំដៅ..ទៅលើប្រឹថពី
ធ្វើឲ្យធញ្ញជាតិ..ឆ្លៀតលូតសែនទ្វី..និងអដវី
.................លូតមីរដែរណ៎ា។
០៤.រដូវនិទាឃៈ..ក្នុងខែអីអ្នក..ចាំជាក់ខេមរា
ចាប់ពីទីម្ភៃ..នៃខែមីនា..ដល់ខែឧសភា
............ទីណ៎ាម្ភៃមួយ។
០៥.រុក្ខជាតិរីកស្រស់..ប្រជាទាំងអស់..ស្រស់បោះអស់ព្រួយ
ភក្ត្រក៏រីករាយ..សប្បាយណាស់មួយៗ..បានរស្មីជួយ
.............លើកស្ទួយជីវិត។
០៦.រុក្ខជាតិផ្កាផ្លែ..ពេញចំការស្រែ..មីរដេរដាស់ពិត
សត្វស្លាបតូចធំ..ហ្វូងឃ្មុំសត្វល្អិត..ហិចហើរជុំជិត
.................បឺតលិឍជីវជាតិ។

Printemps អានថា " ប្រាំងតង់ស៍ " ជាភាសាបារាំងប្រែថា និទាឃៈ
សែនទ្វី ប្រែថា​ទ្វេឡើង
អដវី អានថា អៈដៈវី ប្រែថា ព្រៃធំ

វស្សានរដូវ

០១.វស្សានរដូវ..តពីរដូវ..អ្វីទៅផៅញាតិ
តពីនិទាឃៈ..រុក្ខលាស់ព្រាត..ចូលវស្សានទៀត
...........ធម្មជាតិលាស់ខ្ចី។
០២.វស្សានរដូវ..ភ្លៀងច្រើនពេកកូវ..លេចផ្លូវស្រែព្រៃ
រដូវកាប់គាស់..ភ្ជួររាស់ជ្រោយដី..ដកស្ទូងញាប់ដៃ
............រាល់ថ្ងៃផងណ៎ា។
០៣.L'étéកល្យាណ..ប្រែថាវស្សាន..គ្រប់ប្រាណជ្រាបរ៉ា
ពីទីម្ភៃពីរ..នៃខែឧសភា..ដល់ខែកញ្ញា
..........ទីម្ភៃពីរដែរ។
០៤.វស្សានរុក្ខជាតិ..ផ្កាផ្លែព្រោងព្រាត..ខ្លះទៀតគ្មានផ្លែ
ស្លឹកបៃតងខ្ចី..ពេញព្រៃវាលស្រែ..មនោរម្យម៉្លេះទេ
..............l'été បវរ។
០៥.ពីរពាន់ដប់មួយ..ឆ្នាំនេះខ្មែរព្រួយ..ពេញមួយនគរ
ដោយទឹកជំនន់..ជន់លេចស្ទឹងអូរ..លេចស្រូវងាប់គរ
..............ងាប់គោក្របី។
០៦.រាស្ត្រវិញក៏ត្រូវ..ជួបផលអាស្រូវ..ខ្លះត្រូវក្សិណក្ស័យ
ផ្ទះក៏បាក់បែក..ហើយរែកទុក្ខភ័យ..ខ្លោចផ្សាណាស់ថ្លៃ
.............កម្មអីម៉្លេះទេ។
០៧.សូមឥន្ទទេវតា..ជួយថែរក្សា..ខេមរារាស្ត្រខ្មែរ
ដែលមានអាសន្ន..ទឹកជន់លេចស្រែ..ឲ្យឆាប់ស្រកទ្វេ
................ជៀសដែរទុក្ខភ័យ៕

L'été អានថា​ " លេតេ " ជាភាសាបារាំងប្រែថា វស្សាន

ហេមន្តរដូវ


០១.ព្រលប់ត្រជាក់..មានសន្សើមធ្លាក់..ពូនពាក់ជោកដី
ជោកស្មៅស្លឹកឈើ..នៅលើព្រឹក្សព្រៃ..ជារដូវអ្វី
.....................អ្នកថ្លៃដឹងទេ។
០២.គឺជារដូវ..ហេមន្តរដូវ..ចាំទៅកូនខ្មែរ
យប់ចាប់ត្រជាក់..ភ្លៀងធ្លាក់ញឹកដែរ..ផ្សិតក៏ដុះទ្វេ
...............ជ្រាបទេខេមរា។
០៣.ព្រលប់មកដល់..ទោះជាមានខ្យល់..បក់វល់វេហា
ឬឥតវាយោ..បក់មកទេណា..ក៏ធាតុរងា
............តាមជាមិត្តផង។
០៤.ស្លឹកឈើប្រែពណ៌..ពីបៃតងល្អ..មកពណ៌លឿងម្ដង
ហើយក៏ចាប់ជ្រុះ..ក្រាលសុះដីផង..ឲ្យញាតិប្អូនបង
.............សៅហ្មងចិន្ដា។
០៥.ស្លឹកឈើលឿងទុំ..ពាស់វាលតូចធំ..ពេញភ្នំព្រឹក្សា
ប្រៀបដូចភ្លើងឆេះ..សម្លេះរុក្ខា..នេះហើយចេស្ដា
..................ហេមន្តសម័យ។
០៦.SAISON AUTOMNE..ដល់ខែដែលកូន..បងប្អូនប្រុសស្រី
សែនជូនដូនតា..មេបាអ្នកថ្លៃ..ដែលចាកលោកិយ
.............សុំក្ដីសុខា។
០៧.ហេមន្តសម័យ..ចាប់ពីម្ភៃបី..នៃខែកញ្ញា
ដល់ថ្ងៃម្ភៃមួយ..នៃខែធ្នូរ៉ា..សូមជ្រាបប្រជា
...............គ្រប់គ្នាទៅអឺយ៕

SAISON អានថា​ " សេហ្សុង​ " ជាភាសាបារាំង ប្រែថា រដូវ
AUTOMNE អានថា " អូតូន " ជាភាសាបារាំង ប្រែថា ហេមន្ត

vendredi 11 novembre 2011

សិសិររដូវ



០១.សិសិររដូវ..តពីរដូវ..អ្វីទៅអ្នកអ្ហើយ
រដូវសន្សើម..ធ្លាក់សើមដីអឺយ..ហេមន្តលោកអឺយ
............ចំលើយត្រូវណ៎ា។
០២.សិសិររដូវ..មានធ្លាក់ The Snow..ចាំទៅខេមរា
ចាប់ពីថ្ងៃទី..ម្ភៃពីរធ្នូរ៉ា..ដល់ខែមិនា
............ទីដប់ប្រាំបួន។
០៣.HIVERប្រែថា..សិសិរៈរ៉ា..ចាំណាមាសស្ងួន
មានទឹកកកធ្លាក់..ត្រជាក់ញ័រខ្លូន..ស្លៀកពាក់មាំមួន
................អាវបូនជាន់ផង។
០៤.ពេលទឹកកកធ្លាក់..ហើយកករឹងជាក់..ត្រជាក់កន្លង
ជួនខ្យល់ល្ហៀកៗ..ត្រចៀកដៃផង..ឈឺស្ពឹកស្រៀវស្រង
..................ប្អូនបងជ្រាបទៅ។
០៥.ខោអាវធាតុLAINE..ក្រណាត់ល្អមែន..ហើយសែនកក់ក្ដៅ
ធាតុLAINEការពារ..រងាជ្រាបទៅ..ពេលអ្នកចេញក្រៅ
.................ពាក់ទៅសង្ហារ។
០៦.ប្រជាអឺរ៉ុប..ជាវអាវប្រើគ្រប់..ជួយទប់រងា
ពេលគេចេញក្រៅ..ដើរទៅធ្វើការ..កក់ក្ដៅអស្ចារ្យ
................ខេមរាជ្រាបទៅ៕

HIVER អានថា" អ៊ីវា " ជាភាសាបារាំង ប្រែថា សិសិរឬសិសិរៈ ជារដូវត្រជាក់
THE SNOW អានថា​" ដឺស្នូវ " ជាភាសាអង់ក្លេស៍ ប្រែថា ទឹកកក